ភ្នំហាន់ជ័យមានឈ្មោះជាផ្លូវការថា ភ្នំជ័យគិរី នេះបើតាមសំណៅឯកសារសិលាចារឹក។ ភ្នំហាន់ជ័យមានទីតាំងស្ថិតនៅទិសខាងកើតនៃខេត្តកំពង់ចាមប៉ែកខាងជើងទន្លេមេគង្គ។ រមណីដ្ឋាន នេះស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ១៨គ.ម តាមផ្លូវទឹក និង២០គ.ម ពីផ្លូវគោកពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យមានកំពស់ ៦៣ម ដោយមានកាំជណ្តើរស្អាតល្អ ចំនួន ២៩៥កាំ។ នៅលើភ្នំនេះមានព្រះវិហារ និងក្រុមប្រាសាទហាន់ជ័យ ដែលត្រូវបានកសាងឡើង នៅលើកូនភ្នំហាន់ជ័យនេះតែមួយ តែមានកាលបរិច្ឆេទផ្សេងៗគ្នា។ ក្នុងចំណោមប្រាសាទឥដ្ឋនិងថ្ម ជាច្រើនដែលមិនអាចកំណត់ចំនួនឲ្យប្រាកដ គឺមានតែប្រាសាទ៣ប៉ុណ្ណើ ដែនៅរក្សារូបរាងបានល្អ។ ក្រៅពីនេះគេឃើញមាននៅសល់តែតួ និងគ្រឹះឥដ្ឋ នៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ។
ក្រុមប្រាសាទទាំងនោះ ត្រូវបានកសាងឡើងក្នុងអន្តរកាលសម័យនគរភ្នំនិងចេនឡា។ យើងអាចទៅមកកាន់ក្រុមប្រាសាទហាន់ជ័យ តាមរយៈផ្លូវទឹកដោយជិះទូកនិងតាមផ្លូវគោកចេញពីទីរួមខេត្តកំពង់ចាម ។ ថ្មីៗនេះ រដ្ឋាភិបាលខ្មែរ បានជុសជុលប្រាសាទហាន់ជ័យខាងជើងហៅប្រាសាទ គុកព្រះធាតុ តាមសំណូមពររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ នេះជោគជ័យមួយ គួរឲ្យកត់សម្គាល់ដែលមានរូបយើងជាអ្នកស្នើនៅឆ្នាំ ១៩៩៤ ។
១. ប្រាសាទហាន់ជ័យ ខាងជើង (ប្រាង្គទី១) ហៅប្រាសាទគុកព្រះធាតុ
ប្រាសាទហាន់ជ័យ ហៅថាគុកខាងជើងឬគុកព្រះធាតុ និងអ្នកខ្លះហៅថាប្រាសាទនាងខ្មៅត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមានលក្ខណៈស្រដៀង នឹងអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាយើងចូលបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំ ។ មានប្លង់ការេហើយសាងសង់ឡើង ដោយថ្មពពុះពណ៌ប្រផេះ ប្រាសាទនេះ មានទំហំ ៧ ម៉ែត្រ ៤ ជ្រុង នីមួយៗប្រវែង ៤.៥ ម៉ែត្រ និងកំពស់ ៥ ម៉ែត្រ ស្ថិតក្នុងសភាពទ្រុឌទ្រោម ។ សព្វថ្ងៃនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងជួសជុលវិមានប្រវត្តិសាស្ត្រនេះ តាមរបៀប anaslylose ដោយចុះលេខរៀងថ្មនីមួយៗ នៃប្រាសាទហើយផ្តុំរៀបឡើងវិញឲ្យដូចដើម ។ ថវិការជួសជុលគឺឧបត្តម្ភដោយសហរដ្ឋអាមេរិក ។
ប្រាសាទដ៏ល្អវិចិត្រនេះ បែរមុខទៅទិសខាងកើតហើយមានទ្រង់ទ្រាយដូចប្រាសាទអាស្រមមហាឥសី ដែលស្ថិតលើភ្នំដា ក្នុងខេត្តតាកែវ សាងសង់ឡើងក្នុងសម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា ពោលគឺស.វទី៦នៃគ.ស។ កាលបើឈរលើទីតាំងប្រាសាទ ដ៏ចំណាស់នេះ គេពិតជានឹកឃើញទេសភាពដ៏ស្រស់បំព្រងគួរឲ្យរំភើបចិត្តយ៉ាងក្រៃលែង ពុំខាន ។
កាលពីថ្ងៃ ២៨ ខែសីហា ឆ្នាំ ២០០៧ កម្មករបានជីករកឃើញរូបចម្លាក់ព្រះគោនន្ទិះមួយអមទ្វារប្រាសាទ ។ គោនន្ទិននេះ ដែលជាយានជំនិះរបស់ព្រះឥសូរដ៏មានមហិទ្ធឫទ្ធិ គង់លើភ្នំពែស ក្នុងជំនឿខ្មែរបុរាណនោះ មានបណ្តោយ ៩១ ស.ម កំពស់ ៤ ស.ម និងទទឹង ២៧ ស.ម ។ សព្វថ្ងៃពាហនៈ របស់ព្រះឥសូរនេះ ត្រូវបានយកទៅតម្កល់នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម ។
តាមការដំណាលរបស់អ្នកភូមិ ប្រាសាទគុកព្រះធាតុ ដើមឡើយមានតម្កល់នូវចម្លាក់របស់ព្រះអាទិទេពស្រីមួយព្រះអង្គ ដែលគេឲ្យឈ្មោះថានាងខ្មៅ ។ ចម្លាក់បុរាណនេះ ធ្វើអំពីផ្លើមថ្មខ្មៅ ត្រូវពួកចោរលួចយកទៅលក់ឲ្យបរទេសបាត់ទៅ មុនឆ្នាំ ១៩៦០ ។ រូបចម្លាក់នេះបើដំណាលនេះជាការពិតនោះ គឺពិតជាតំនាងឲ្យព្រះតំណាងឱមាយ៉ាងប្រាកដ ។ ប្រាសាទហាន់ជ័យ ខាងជើងទី ១ ហៅប្រាសាទគុកព្រះធាតុ ស្ថិតនៅចង្កេះភ្នំចម្ងាយប្រមាណ ៦០០ម ស្ថិតនៅខាងជើងប្រាសាទហានជ័យខាងជើងទី២ ។
តាមការដំណាលរបស់អ្នកភូមិ ប្រាសាទគុកព្រះធាតុ ដើមឡើយមានតម្កល់នូវចម្លាក់របស់ព្រះអាទិទេពស្រីមួយព្រះអង្គ ដែលគេឲ្យឈ្មោះថានាងខ្មៅ ។ ចម្លាក់បុរាណនេះ ធ្វើអំពីផ្លើមថ្មខ្មៅ ត្រូវពួកចោរលួចយកទៅលក់ឲ្យបរទេសបាត់ទៅ មុនឆ្នាំ ១៩៦០ ។ រូបចម្លាក់នេះបើដំណាលនេះជាការពិតនោះ គឺពិតជាតំនាងឲ្យព្រះតំណាងឱមាយ៉ាងប្រាកដ ។ ប្រាសាទហាន់ជ័យ ខាងជើងទី ១ ហៅប្រាសាទគុកព្រះធាតុ ស្ថិតនៅចង្កេះភ្នំចម្ងាយប្រមាណ ៦០០ម ស្ថិតនៅខាងជើងប្រាសាទហានជ័យខាងជើងទី២ ។
បើតាមការអះអាងរបស់ចាស់ទុំនៅស្រុកនេះ ផ្ទៃខាងក្នុងគ្មានការតុបតែងអ្វីឡើយ ក្រៅពីរូបចម្លាក់តំណាងព្រះនាងឱមា ឬនាងខ្មៅ នឹងសោមសូត្រសម្រាប់បង្ហូរទឹកមន្ត ។ ទ្រង់ទ្រាយដំបូលរាងកោងជាថ្នាក់ៗតួប្រាសាទត្រូវបាន សាងសង់លើខឿនមួយ ដ៏រឹងមាំ ដែលមាន ៣ ថ្នាក់ដោយថ្នាក់នីមួយៗ មានរចនាជាក្បាច់អង្កែ ព័ន្ធជុំវិញទម្រង់មុខមនុស្ស មានពាក់ក្រវិលធំៗដូចនៅប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុកលេខ N17 ។ នៅគ្រប់ជាន់ថ្នាក់នីមួយៗ នៃដំបូលប្រាសាទមានឆ្លាក់ក្បាច់សសៀរនៅខាងចុងនិងក្បាច់អង្កែនៅ ខាងចុងក្បាល ។
ចំណុចសម្គាល់មួយទៀត គឺមានក្បាច់ផ្តែរជាក្បាច់រំលេច ដោយរំយោលកម្រងផ្កានិង ចំកណ្តាលមានឆ្លាក់ជាមេដាយ ដែលមានរូបជាផ្កា ។ រីឯនៅខាងចុងផ្តែរវិញ លំអដោយសត្វ ម្ករ បែរមុខចូលក្នុង ។
ចំពោះសសរពេជ្រដែលមានរាង មូលឆ្លាក់មូលដោយមានដុំនៅផ្នែកខាងលើបង្កើតជាក្បាលសសររំលេច ដោយត្របកឈូកនិងមានកងវ័ណ្ឌបីព្រមទាំងក្បាច់ភ្ញី ។ នៅចំកណ្តាលសសរពេជ្រ មានក្បាច់ជាកងឬចិញ្ចៀននៅចន្លោះក្បាច់ជារាងធ្មេញរណារ ។
រមណីយដ្ឋាន ភ្នំហាន់ជ័យ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដោយហេតុថាទីតាំងនេះជាទីប្រតិស្ឋានប្រាសាទបុរាណខ្មែរ នាសម័យបុរេអង្គរជាច្រើន ដូច្នេះការរកឃើញចម្លាក់ព្រះគោធ្វើឲ្យអ្នកស្រុកជឿថាគោផុស ហើយពួកគាត់ក៏ម្នីម្នារកទឹកមន្ត ដើម្បីលាបមុខលាបប្រាណ ឲ្យមានសិរីមង្គលសិរីសួស្តី ។
គោនេះជាពាហនៈ ឬយានជំនិះរបស់ព្រះឥសូរដ៏មហិទិ្ធរិទ្ធដែលគង់លើភ្នំកៃលាស ក្នុងជំនឿខ្មែរបុរាណគេជឿថា គោនេះប្រកបដោយឫទ្ធានុភាព បានជាគេគោរពសក្ការៈ ។ ធម្មតាគេឆ្លាក់គោនន្និនដាក់អមទ្វារប្រាសាទ (Cf: ព្រះគោ, បាគង) ទូទាំងប្រទេស តាមបុរាណស្ថាននានាបែបសិវនិយម ដែលធ្វើអំពីថ្មភក់សំរិទ្ធមាស ។
កាលពីថ្ងៃទី ២៨ ខែសីហា ២០០៧ កម្មករជួសជុលប្រាសាទភ្នំហាន់ជ័យ បានជីកប្រទះឃើញរូបចម្លាក់នេះ ។
ចំពោះអ្នកស្រុក ការរកឃើញនូវចម្លាក់បុរាណនេះ គឺជាប្រថ្នូលនៃ ស្រុកទេសបានសុខ សន្តិភាព ពេញលេញបរិបូរណ៍ហើយ ខ្លះជឿថា បងព្រះកែវដែលសៀមចាប់យកទៅ ឃុំទុកនៅសៀមឥឡូវផុសមកស្រុកវិញ នៅប្រាសាទគុកព្រះធាតុ ។ តាមពិតប្រាសាទហាន់ជ័យ ជាក្រុមប្រាសាទមានប្រាង្គពីរដាច់ឡែកពីគ្នា។ តែសព្វថ្ងៃត្រូវរលំរាបដល់ដីទៅហើយ ។ ការសន្និដ្ឋាន បែបនេះ បណ្តាលមកពីសំណង់ស្ថាបត្យកម្មមួយចំនួន ដែលគេបានជួបប្រទះនៅលើទីតាំង ក្បែរប្រាសាទទី១ មានក្បាច់ផ្កាឈូកលំអកំពូលប្រាសាទដូចគ្នា ដូចដែលមាននៅប្រាសាទអាស្រមមហាឥសីនៅខេត្តកែវ ។
២. ប្រាសាទហាន់ជ័យ (ខាងជើង) ប្រាង្គទី២
ការសិក្សាប្រៀបធៀបខាងស្ថាបត្យកម្មធ្វើឲ្យយើងដឹងថា ប្រាសាទហាន់ជ័យខាងជើងនេះត្រូវបានសាងសង់ឡើងក្នុងសម័យកាលជាមួយគ្នា និងអាស្រមមហាឥសីនៅសម្បូរព្រៃគុក ។ ស្ថិតចម្ងាយប្រមាណជា ៣០ម៉ែត្រ ខាងជើងនៃព្រះវិហារកូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពី ថ្មភក់ សម្រាប់ភាវនាធម៌ដោយពួកតាបសឥសី ។ ដូចប្រាសាទហាន់ជ័យហៅគុកព្រះធាតុខាងជើងទី១ដែរ ប្រាសាទហាន់ជ័យទី២ បែរមុខទៅទិសខាងកើតពោលគឺបែរមុខទៅរកទន្លេមេគង្គ ។
ថ្វីត្បិតតែប្រាសាទនេះមានទំហំប្រមាណ ២,១០ម៉ែត្រ ៤ជ្រុងស្មើ ក៏ប៉ុន្តែមានរាងសមសួនសង្ហាអស្ចារ្យហើយគយគន់មិនឆ្អែតភ្នែកឡើយ ។ ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទនេះ គេអាចនិយាយបានថា ដូចអាស្រមមហាឥសី កូនប្រាសាទរបស់យើងត្រូវបានកសាងឡើង ដោយការតម្រៀបគ្នាឲ្យជិតនូវផ្ទាំងថ្មទាំងបីផ្ទាំង ។ ជ្រុងខាងកើតគឺជាក្លោងទ្វារ ជ្រុងបីទៀត គឺខាងលិច ត្បូង និងជើងត្រូវបានបិទជិត ។ សូមជម្រាបថា ផ្ទាំងថ្មនីមួយៗមានប្រវែង ០,៧០ ម៉ែត្រ, កំពស់ ២,១០ ម៉ែត្រ ឬធំជាងបន្តិចតែប៉ុណ្ណោះ ។
ក្លោងទ្វារខាងកើត គឺជាក្លោងទ្វារតែមួយគត់ចូលទៅក្នុងប្រាសាទដ៏តូចនេះ ដែលលំអដោយសសរពេជ្រទាំងមូល នៅទាំងសងខាងទ្ររក្បាច់ផ្តែរមួយស្ថិតនៅពីលើ ។ ក្បាច់ផ្តែរនេះតំណាងឲ្យទេវកថាបែបព្រហ្មណ៍និយមគឺការបង្កើតលោក ។ នៅទីនេះក្បាច់ផ្តែរតុបតែងដោយមេដាយជាក្បាច់ផ្កានៅកណ្តាលអមដោយ ព្រះវិស្ណុ ផ្ទុំលើនាគទាំងសងខាង ។ សូមជម្រាបថា ក្នុងប្រព័ន្ធសាសនាបុរាណនាគរាជក្បាល៥ តំណាងឲ្យទឹកនៃមហាសាគរ អ្វីដែលមានពិពណ៌នាក្នុងព្រះគម្ពីរបុរាណឥណ្ឌា ។
បើសំអាងលើរូបថតឯកសារ យើងអាចដឹងទៀតថា ប្រាសាទបែបហាន់ជ័យខាងជើងនេះមានយ៉ាងតិចក៏២ ឬ៣ដែរ តែឥឡូវនេះនៅសល់តែផ្ទាំងថ្មភក់ធំៗ ដូចជា ស៊ុមទ្វារ ទម្រ ឬបល្ល័ង្កតម្កល់ទេវរូប ឬព្រះសីវលិង្គនៅរាយប៉ាយដេរដាសជុំវិញបូជនីយដ្ឋាននេះ ។
បើសំអាងលើរូបថតឯកសារ យើងអាចដឹងទៀតថា ប្រាសាទបែបហាន់ជ័យខាងជើងនេះមានយ៉ាងតិចក៏២ ឬ៣ដែរ តែឥឡូវនេះនៅសល់តែផ្ទាំងថ្មភក់ធំៗ ដូចជា ស៊ុមទ្វារ ទម្រ ឬបល្ល័ង្កតម្កល់ទេវរូប ឬព្រះសីវលិង្គនៅរាយប៉ាយដេរដាសជុំវិញបូជនីយដ្ឋាននេះ ។
ជុំវិញផ្នែកខាងក្រោមនៃប្រាសាទលំអដោយក្បាច់ផ្កា និងសត្វអច្ឆរិយៈដែលមានលក្ខណៈសំយោគរវាងសត្វ និងរុក្ខជាតិ ។ រីឯលើក្លោងទ្វារចូលប្រាសាទគេឃើញមានក្បាច់ផ្តែរមួយ តំណាងឲ្យព្រះវិស្ណុផ្ទុំលើខ្នងនាគរាជក្នុងទេវកថាព្រហ្មញ្ញសាសនា ដែលជានិមិត្តរូប នៃការបង្កើតលោក ។ យ៉ាងណាមិញលក្ខណៈពិសិដ្ឋរបស់ទេវស្ថាននេះ ក៏អាចគូសបញ្ជាក់តាមរយៈសំណង់វិមានអាកាសតូចៗពីរ ដែលស្ថិតនៅផ្នែកខាងក្រោមបំផុតហាក់កំពុងទ្រប្រាសាទនេះ ដោយរំលឹកសាសនិកជនថា ពួកគេកំពង់ស្ថិតលើស្ថានសួគ៌ ។
៣. ប្រាសាទហាន់ជ័យ ហៅប្រាសាទគុកខាងត្បូង
បែរមុខទៅទិសខាងកើតប្រាសាទគុកខាងត្បូងធ្វើអំពីឥដ្ឋហើយ មានកំពស់ប្រមាណជា ១៥ ម៉ែត្រ ។ ប្រាសាទបុរេអង្គនេះ មានប្លង់រាងការ៉េដោយជ្រុងនីមួយៗមានប្រវែង ៦,៤ម ។ ដូចប្រាសាទក្នុងកាលសម័យនោះដែរ ប្រាសាទរបស់យើងមានទ្វារ ៤ តែមានទ្វារខាងកើតទេដែលជាទ្វារពិតឯទ្វារបីទៀតគឺជាទ្វារបញ្ជោត។ ក្លោងទ្វារនេះ នៅសល់តែទ្វារទេ រីឯផ្តែរសសរពេជ្រ ត្រូវបានជនទុច្ខរិតលួចបាត់ទៅហើយ។ ស៊ុមទ្វារទាំងពីរនៅប្រាសាទហាន់ជ័យ ហៅប្រាសាទសិលាខាងត្បូងមានចារិក ជាភាសាសំស្ក្រឹត ។ នៅស៊ុមទ្វារទាំងខាងជើងដែលមានកំពស់ ១,១៩ម មានតួអក្សរសំស្ក្រឹត ៣៥ បន្ទាត់ និងខាងត្បូង កំពស់ ០,៥០ម មានតែ ១២ បន្ទាត់ទេ ។ ខ្លឹមសារនៃសិលាចារិក នៅប្រាសាទហាន់ជ័យនេះ ត្រូវបានបកប្រែកាលពីដើម ស.វទី ២០ ដែលរៀបរាប់ពីព្រិត្តិការណ៍ ក្នុងរដ្ឋកាលរបស់ព្រះបាទភវវរ្ម័នទី ពោលគឺស្ថិតក្នុងអម្លុងស.វទី ៦ និងទី ៧ នៃគ.ស ។
៤. ប្រាសាទឥដ្ឋនៅខាងត្បូងព្រះវិហារ
នៅខាងមុខព្រះវិហារយើងបានឃើញ គំនរឥដ្ឋមួយដែលបង្ហាញបញ្ជាក់នូវទីតាំងនៃប្រាសាទ ឥដ្ឋចាស់មួយដែលរលំបាត់ទៅហើយ ក៏ប៉ុន្តែបានបន្សល់សសរពេជ្រមួយនាសម័យបុរេអង្គរដ៏ល្អស្អាត ។ វត្តមាននិងលក្ខណៈនៃរចនាបថរបស់សសរពេជ្រនេះ ធ្វើឲ្យយើងអាចកំណត់អាយុនៃបូជនីយដ្ឋានបាក់បែកនេះ ដែលស្ថិតក្នុងរចនាបថសម្បូរព្រៃគុកយ៉ាងពិតប្រាកដ ។
៥. ប្រាសាទអណ្តូងព្រេង
នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលបាក់បែក ខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងចំកណ្តាល អណ្តូងមួយដែលអ្នកជឿថាអណ្តូងព្រេងបុរាណ ។ ចាស់ៗរស់នៅក្បែរភ្នំហាន់ជ័យជឿថា នាសម័យបុរាណគេទម្លាក់ដូងទុំ ក្នុងអណ្តូងនេះ ដូងអណ្តែតចេញទៅទន្លេមេគង្គ។ តាមពិតទឹកដែលចេញពីអណ្តូង នេះមានប្រភពចេញពីដីសម្រាប់ប្រើប្រាស់ ក្នុងពិធីកម្មសាសនាព្រាហ្មហ៍ ។ វត្តមានរបស់អណ្តូងចំកណ្តាល ប្រាសាទក៏ជាសញ្ញាបង្ហាញនូវលក្ខណៈ ដ៏ពិសិដ្ឋរបស់ទេវស្ថាននេះដែរ ។ តាមជំនឿអរូបីយ៍គេជឿថាភ្នំហាន់ជ័យ នេះជាកន្លែងស័ក្តិសិទ្ធណាស់ ព្រោះជាលំនៅស្ថានរបស់ព្រលឹងដូនតាដែលថែរក្សាប្រាសាទបាក់បែកទាំងនោះ ៕
ប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី១) ហៅប្រាសាទគុកព្រះធាតុ មើលពីចំហៀងខាងមុខ |
ប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី១) ហៅប្រាសាទគុកព្រះធាតុ មើលពីចំហៀងខាងក្រោយ |
យោនី និងទម្រចង្អូរទឹកក្នុងប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី១) ហៅប្រាសាទគុកព្រះធាតុ |
កំពូលត្របកឈូកនៃប្រាសាទដែលបាក់បែក |
ប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី២) មើលពីចំហៀងខាងមុខ |
ចម្លាក់ប្រាសាទភិមានអាកាស នៅលើប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី២) |
ប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី២) មើលពីចំហៀងខាងក្រោយ |
ផ្តែរ និងសរសរពេជ្រ នៃប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី២) |
ប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី២) មើលពីចំហៀងខាងមុខ |
ប្រាសាទហាន់ជ័យ ហៅប្រាសាទគុកខាងត្បូង |
ប្រាសាទហាន់ជ័យ ហៅប្រាសាទគុកខាងត្បូង មើលពីចំហៀងខាងក្រោយ |
សិលាចារឹកផ្ទាំងA នៅក្នុងប្រាសាទហាន់ជ័យ ហៅប្រាសាទគុកខាងត្បូង |
សិលាចារឹកផ្ទាំងB នៅក្នុងប្រាសាទហាន់ជ័យ ហៅប្រាសាទគុកខាងត្បូង |
0 comments:
Post a Comment