ប្រាសាទភ្នំទទុងមានទីតាំងស្ថិតនៅក្នុងល្អាងភ្នំទទុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ អ្នកដំណើរអាចធ្វើដំណើរពីភ្នំពេញទៅខេត្តកែប តាមស្រុកបន្ទាយមាស រួចបត់ស្តាំដៃ តាមផ្លូវរោងចក្រស៊ីម៉ងត៍ខេស៊ីម៉េន ខេត្តកំពត ចម្ងាយប្រហែល៦គ.មពីផ្លូវជាតិ។  លុះមកដល់ភ្នំហើយ យើងគ្រាន់តែបន្តរដំណើរឡើងទៅកាន់រូងភ្នំ តាមកាំជណ្តើរដែលទើបតែសាងសង់ហើយប្រមាណ ជាង៣២០កាំប៉ុណ្ណោះ នោះនឹងអាចមកដល់ប្រាសាទដ៏ពិសិដ្ឋនេះបាន។    តាមរយៈសំណង់ និងផ្តែរ ប្រាសាទ  ប្រាសាទភ្នំទទុងទំនងជាសាងសង់នៅក្នុងកំឡុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ. ដូចជាប្រាសាទភ្នំខ្យង និងប្រាសាទភ្នំឈ្ងោកផងដែរ។ លក្ខណៈពិសេសមួយដែលគួរឲ្យយើងចាប់ អារម្មណ៍នោះ គឺប្រាសាទនេះកសាងអំពីឥដ្ឋ និងថ្មបាយក្រៀមនៅក្នុងរូងភ្នំ។ វាគួរអស្ចារ្យណាស់ សម្រាប់ខ្ញុំ ព្រោះនេះជាលើកទីមួយហើយដែលខ្ញុំបានឃើញប្រាសាទកសាងអំពីឥដ្ឋ លាយនឹងថ្មបាយ ក្រៀម ប៉ុន្តែអ្វីដែលពិបាកគឺធ្វើឲ្យខ្ញុំពិបាកសន្និដ្ឋានអំពីអាយុកាលរបស់ប្រាសាទនេះទៅវិញ។ ទោះជា យ៉ាងនេះក្តី តាមទ្រង់ទ្រាយប្រាសាទនិងរចនាបទនៃផ្តែរ ប្រាសាទភ្នំទទុងនេះមិនអាចគេចផុតពី អន្តរកាលរវាងសម័យនគរភ្នំ និងចេនឡាបានឡើយ។ នេះជាហេតុធ្វើឲ្យខ្ញុំសន្និដ្ឋានបានថាវាទំនង ជាសាងសង់នៅក្នុងសតវត្សទី៦ ទៅទី៧នៃគ.ស។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ និងតក់ស្លុតនៅក្នុងចិត្ត ជាខ្លាំងគឺប្រាសាទនេះកំពុងតែត្រូវទទួលរងនូវការបំផ្លេចបំផ្លាញ... ខ្ញុំបានលឺមកថា...កាលដើមឡើយ ពុទ្ធបរិស័ទបានសាងសង់នូវព្រះពុទ្ធរូបនៅក្បែរប្រាសាទនេះ ហើយប្រាសាទបុរាណនេះទៀតសោត ក៏នៅមានសោភ័ណ្ឌភាពស្រស់ស្អាតពុំទាន់ទ្រុឌទ្រោមឡើយ។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនផលិត ស៊ីម៉ង់ត៍បានដាក់បន្ទុះភ្នំយកថ្មនៅលើបរិវេនប្រាសាទនេះ ធ្វើឲ្យថ្មធ្លាក់ខូចខាតលើព្រះពុទ្ធរូប បាក់ខ្ទេច ខ្ទី និងធ្វើឲ្យប្រាសាទខូចខាតជាដំណំ។ តាមរយៈបញ្ហាមួយនេះ ក្រុមហ៊ុនក៏សងជម្ងឺចិត្តដោយ សាង ព្រះពុទ្ធរូប២អង្គជំនួសនៅក្នុងរោងខាងក្រោមភ្នំវិញ...ប៉ុន្តែប្រាសាទបុរាណរបស់ខ្មែរយើងនេះវិញ គឺ ចំណេញតែការបាក់បែក និងឈានទៅរកការវិនាសនៅពេលអនាគតមិនខាន បើយើងទាំងអស់គ្នា មិនអើពើ ខិតខំថែររក្សាប្រាសាទបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរនេះទេ។ នេះហើយជាមូល ហេតុដែលសព្វថ្ងៃនេះ ប្រាសាទភ្នំទទុងត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារថ្មធ្លាក់ និងភាពអន្តរាយ។ (តែទោះជាខំទប់យ៉ាងណា បើនៅតែមានគេបន្ទុះភ្នំយកថ្មធ្វើស៊ីម៉ង់ កុំសង្ឃឹមថា អាចនៅស្ថិតស្ថេរបានយូរនោះឡើយ) ក្នុងនាមខ្ញុំបាទជាតំណាងកុលបុត្រខ្មែរគ្រប់រូប សូមសំណូមពរ ដល់ក្រុមហ៊ុនមេត្តាជួយសម្រួលដល់បញ្ហានេះផង! សូមក្រសួងវប្បធម៌មេត្តាជួយធ្វើអន្តរាគមន៍អំពី បញ្ហានេះ!​   សូមមេត្តាជួយថែររក្សាប្រាសាទបុរាណមួយនេះ ដែលកំពុងតែស្រែកដង្ហោយហៅ ឲ្យកូនខ្មែរគ្រប់រូបជួយទំនុកបំរុងថែររក្សារហតអស់កល្បនៃជីវិត...)

ផ្លូវចូលទៅកាន់ប្រាសាទ




ប្រាសាទភ្នំទទុង



កំពូលប្រាសាទដែលបាក់បែក និងថ្មដុះពីលើ


ជញ្ជាំងប្រាសាទធ្វើពីថ្មបាយក្រៀម ​និងឥដ្ឋ


ចម្លាក់នៅលើផ្តែរប្រាសាទ ដែលជ្រុះធ្លាក់ចេញពីប្រាសាទ


ទេសភាពលើភ្នំទទុង
 


0 comments:

Post a Comment