ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅលើភ្នំដា ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ស្ថិតនៅ ខាងកើតទីរួមខេត្តតាកែវ ដែលជាភូមិសាស្រ្តលិចទឹក៦ខែ និងគោក៦ខែ មានចំងាយ១០២គ. ពីភ្នំពេញ និង២៤គ. ពីទីរួមខេត្តតាកែវ។ យើងត្រូវធ្វើដំណើរតាមផ្លូវទឹកព្រែកជីកភ្នំដា ដែលកសាង ឡើងដោយប្រជាជនចំនួន២៤៩៥៤នាក់ នៅកំឡុងឆ្នាំ១៩៨៦ ដល់១៩៨៩។ ព្រែកជីកនេះមាន បណ្តោយ ១៩៥៤៤ម បាតលើ៣០ម បាតក្រោម១០ម និងជម្រៅ៤ម។ តាមការធ្វើដំណើរតាមទូក រឺកាណូតលឿន អ្នកទេសចរនឹងបានទស្សនានូវសកម្មភាពប្រជាជនរស់នៅតំបន់នោះ ដែលកំពុង ប្រកបរបរនានាដូចជានេសាទ រកក្តាម ធ្វើស្រែចម្ការជាដើម នៅតាមដងព្រែកជីកដ៏វែងនេះ។
            ប្រាសាទភ្នំដាកសាងនៅលើកូនភ្នំតូចមួយនាកំឡុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រ ដែលគ្រងរាជនៅចុងសម័យនគរភ្នំ ព្រះនាមរុទ្រវរ្ម័ន នេះបើតាមការបញ្ជាក់របស់លោក មីប្រីណូ ប្រវត្តិ វិទូជនជាតិបារាំង។ ប្រាសាទភ្នំនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ដោយពុំមានកំផែងព័ទ្ធជុំវិញ នោះទេ ហើយបែរមុខឆ្ពោះទៅទិសខាងជើង។ កំពូលប្រាសាទត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនា ឡើងជារឿងកូរសមុទ្រទឹកដោះ ក៏បាក់បែកជាពីរផ្នែក ហើយមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំ។ ប្រាសាទនេះមានរាងការ៉េ ទំហំ១២មx១២ម កម្ពស់១៨ម មានទ្វារ៤ ដែលក្នុងនោះមាន  ទ្វារបញ្ឆោតបី និងទ្វារពិតមួយ បែរមុខទៅទិសខាងជើងសម្តៅរាជធានី នគរគោកធ្លក។
            នៅតាមចង្កេះភ្នំ មានរូងសិប្បនិមិត្តចំនួន៥ ដែលបង្ហាញពីរចនាភ្នំដា កសាងឡើងមានលក្ខណៈ ប្រហាក់ប្រហែលគ្នាទៅនឹងរចនាបទនៅប្រទេសឥណ្ឌា។ នៅក្នុងរូងភ្នំនោះមានលិង្គ និងយោនី ដែល ជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ដោយឡែក រូងមួយត្រូវបានគេប្រើប្រាស់ជា ឈាបនដ្ឋានក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
            នៅប៉ែកនិរតីនៃប្រាសាទភ្នំដាចម្ងាយប្រមាណ៣០០ម មានប្រាសាទមួយទៀត ដែលស្ថាបនា ពីថ្មពពុះពីរជាន់ បែរមុខទៅរកទិសខាងជើង ហើយមានទ្វារពីរ និងបង្អួច៥ តាមរចនាបទបែបឥណ្ឌា ដែលមានឈ្មោះថា អាស្រមមហាឥសី។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទភវរ័្មនទី១ នៅសម័យ ចេនឡា នាចុងសតវត្សទី៦។ ប្រាសាទនេះមានទំហំ៥,៥មx,៥ម និងមានកម្ពស់៧ម។


ព្រែកជីកភ្នំដា

ភ្នំដា

រូងលើភ្នំដា


 ទម្រយោនី នៅក្នុងរូងភ្នំ

រូងដែលគេយកធ្វើឈាបនដ្ឋាន

ប្រាសាទភ្នំដា មើលពីចំហៀង

ប្រាសាទភ្នំដា មើលចំពីមុខ

សរសរពេជ្រដែលឆ្លាក់រូបព្រះឥសូរ

សំណល់ទ្រោនីនៅក្នុងប្រាសាទ

ទ្វារបញ្ឆោតទិសខាងលិច

ចម្លាក់ជារូបនាគរាជ

ប្រាសាទអាស្រមមហាឥសី

បង្អួចប្រាសាទ


0 comments:

Post a Comment