ប្រាសាទភ្នំជីសូរមានទីតាំងស្ថិតនៅលើភ្នំជីសូរ ភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើយើងធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ៦២គ.ម ដោយត្រូវប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ ៥គ.មពីផ្លូវជាតិ តែបើធ្វើដំណើរពីទីរួមខេត្ត មានចម្ងាយ២៧គ.ម ។
គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិស ខាងត្បូង ប៉ុន្តែភ្ញៀវទេសចរត្រូវបន្តដំណើរប្រមាណ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយ ថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើស ប្រាសាទនានានៃតំបន់នេះ។ ពីកំពូលភ្នំនេះ គេអាចគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវ ដ៏ល្អប្រណិតគ្រប់ទិសទី។
ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់៣៨០ម នៅដើមសតវត្សទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ័្មនទី១ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ សាងសង់ អំពីថ្មភក់ និងលីប៉ូនីតមានបណ្តោយ៦០ម ទទឹង៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំ តូចជាងថែវទីមួយ និងនៅចំកណ្តាលមានទីសក្ការៈមួយដែលសំខាន់ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុង មានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែក គេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅផ្តែរ និង សសរពេជ្រ។
គេនិយមឡើងភ្នំជីសូរ តាមជណ្តើរថ្មខាងលិច ដែលមានចំនួន៣៩០កាំ ហើយចុះតាមជណ្តើរ ខាងត្បូងដែលមានចំនួន៤០៨កាំ។ នៅចំពីមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទ ដែលភ្ជាប់ទៅនឹងប្រាសាទសែនឆ្មស់ និងប្រាសាទសែនភូវាំង និងទន្លេអុំ ដែលជាបឹងដ៏ពិសិដ្ឋកាលពីអតីតកាល សម្រាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រហ្មញ្ញ សាសនា។ ក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀត ដែលស្ថាបនាតាមសម័យកាលខុសៗគ្នា នៅលើ ទីលានថ្មមួយដ៏ធំទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យមានបណ្តោយប្រវែង១០០ម និងទទឹង ៨០ម។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយគឺមួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។
នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយមានអាង ទឹកចំណាស់មួយធ្វើពីបេតុងជាថ្នាក់ៗ។
ភ្នំជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាននឹងកំពុងឆ្លុះ បញ្ចាំងនូវប្រាសាទបុរាណដែលជាកេរ្ត៍ដំណែលវប្បធម៌អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹង ទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀត ក្នុងនោះមានជាអាទិ៍គឺវត្តភ្នំជីសូរ។ ក្រៅពី នេះគេឃើញមានរូងវិមានច័ន្ទស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងភ្នំធម្មជាតិនេះ មានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សម្រាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ ឬ សម្រាប់ធ្វើធុតុង្គដើចង្ក្រមភាវនាធម៌។ កាលពីសម័យសង្គ្រាមក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងបណ្តាលឲ្យរូងនេះបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលទៀតបានឡើយ។
ក្រៅពីប្រាសាទ គេឃើញមានវត្តភ្នំជីសូរបានកសាងឡើងនៅក្នុងឆ្នាំ១៩១៧ ដែលមាន ចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមានចំនួន៥អង្គ។ វត្តនេះត្រូវបានបំផ្លាញខ្ទេចខ្ទីរក្នុង សង្គ្រាម ឆ្នាំ១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុងឆ្នាំ១៩៧៩ តរៀងមក។
0 comments:
Post a Comment