នៅក្នុងខេត្តកំពតមានភ្នំជាច្រើនដែលមានរូង ហើយរូងភ្នំទាំងនោះគឺជាមណ្ឌលនៃថ្មកំបោរធំៗ ដុះពីលើចុះក្រោម និងដុះពីក្រោមឡើងទៅលើរួមមានសំណង់បូជនីយដ្ឋាននៅទីនោះផងដែរ។ ប្រាសាទភ្នំឈ្ងោក មានទីតាំងស្ថិតនៅក្នុងរូងភ្នំទី១ នៃភ្នំឈ្ងោក ដែលស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកកំពត ខេត្តកំពត មានចំងាយប្រមាណ១០គ.ម ពីក្រុងកែប។ ប្រាសាទភ្នំឈ្ងោកកសាងឡើងអំពី ឥដ្ឋតាំងពីសតវត្សទី៦ ឬទី៧មកម៉្លេះ។ ប្រាសាទបុរាណនេះ គឺសង់ព័ទ្ធជុំវិញថ្មកំបោរដុះឡើងលើ និងចុះក្រោមមួយគូ ហើយថ្មកំបោរទាំងនោះគឺបង្កើតបានជារូបរាង្គលិង្គធម្មជាតិដ៏ល្អឥតខ្ចោះមួយ។ ក្នុងនោះដែរលិង្គថ្មដ៏ចម្លែកនេះ ដើមឡើយមានទ្រោនី(យោនី) ទ្រ ប៉ុនែ្តត្រូវបាក់បែកជាបីកំណាត់ រួចគេ ក៏យកទៅទុកចោល។ ថ្មីៗនេះវាត្រូវបានឆ្មាំនៅភូមិយកចំនែកយោនីទៅជួសជុល ហើយដាក់នៅ កន្លែងដើមវិញ ពោលគឺបានបញ្ចូលលិង្គឲ្យដូចសភាពដើមវិញ។ បើប្រៀបធៀបប្រាសាទភ្នំឈ្ងោកទៅ នឹងប្រាសាទអាស្រមមហាឬសីអាចអោយដឹងថាប្រាសាទនេះមានឥទ្ធិពលនូវ វប្បធម៌អង្គរបុរី ។ ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុង ភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម ។ ការពិតការបូជាភ្នំបានកើតឡើងមុន សម័យប្រវត្តិសាស្ត្រ មកម្លេះ ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយ ត្រូវបានកសាងលើខឿនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាង លើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហា ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ។ ប្រាសាទភ្នំឈ្ងោកប្រហែលស្ថិតនៅក្នុងរចនាបទ សម្បូណ៍ នាសម័យចេនឡា ដូចជាប្រាសាទនៅសម្បូណ៍ព្រៃគុកផងដែរ។
|
ភ្នំឈ្ងោក |
|
ប្រាសាទភ្នំឈ្ងោក |
|
ទម្រយោនី និងលិង្គធម្មជាតិ |
|
ថ្មដុះនៅក្នុងប្រាសាទ |
|
ផ្លូវចុះមកប្រាសាទភ្នំឈ្ងោក |
0 comments:
Post a Comment